com1_26_02_2013_1 com1_26_02_2013_2
កាលពីថ្ងៃទី២១​  ខែកុម្ភៈឆ្នាំ២០១៣នៅសាលាខេត្តកែបគណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ហៅកាត់គណៈកម្មការទី១ព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម គឹម ណាំង  អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និង ឯកឧត្តម អ៊ុក គង់ លេខាធិការ បានអញ្ជើញជួបសវនាការការងារជាមួយនឹងអាជ្ញាធរខេត្តបណ្តាមន្ទីរ អង្គភាពនានាជុំវិញ និងអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលដឹកដោយលោកជំទាវព្រំ ចំរើនអភិបាលរងខេត្តកែប។

ឯកឧត្តម គឹម ណាំង  អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានមានប្រសាសន៍ថាគោលបំណង សំខាន់នៃបេសកកម្មរបស់ គណៈកម្មការគឺសំដៅ សិក្សាឈ្វេងយល់អំពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ និងបញ្ហាមួយចំនួនដូចជាករណី ទំនាស់ដីធ្លី ការជួញដូរស្រ្តី និងកុមារ អំពើមនុស្សឃាត ការរំលោភសេពសន្ថវ  អំពើហិង្សាគ្រប់រូបភាព ការឃុំឃាំងមនុស្ស ខុសនីតិវិធីព្រមទាំងប្រមូលព័ត៌មានដែលទាក់ទងនឹងវិស័យសមត្ថកិច្ចរបស់គណៈកម្មការ  ដើម្បីធ្វើការវាយតម្លៃ និងរៀបចំជា របាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភាជ្រាបជាព័ត៌មាន។
ឯកឧត្តម គឹម ណាំង  អនុប្រធានគណៈកម្មការ​ មានប្រសាសន៍បន្តថាព្រឹទ្ធសភា ជាអង្គការនីតិប្បញ្ញត្តិ  ហើយបំពេញ ភារកិច្ច របស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង និងច្បាប់ជាធរមាន គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ព្រឹទ្ធសភា ជាគណៈកម្មការមួយក្នុងចំណោមគណៈកម្មការនានារបស់ព្រឹទ្ធសភា ដែលទទួលបន្ទុកខាងវិស័យសិទ្ធិមនុស្ស មានភារកិច្ច និងសមត្ថកិច្ចតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍របស់ព្រឹទ្ធសភា។​
ឯកឧត្តម បានមានប្រសាសន៍ថា ព្រឹទ្ធសភា មានគណៈកម្មការជំនាញចំនួន៩ ជាសេនាធិការផ្ទាល់របស់គណៈកម្មាធិការ អចិន្ត្រែយ៍  និងព្រឹទ្ធសភា ដែលបំពេញ​មុខ​ងារ​​​សំខាន់ចំនួន៣គឺ ទី១-​មុខងារនីតិកម្ម ដែលស្តែងឡើងតាមរយៈការ​ធ្វើរបាយ​ការណ៍​ពិនិត្យ និង​ឲ្យ​យោ​បល់​លើ​សេច​ក្តី​ព្រាងច្បាប់ ឬ​សេចក្តីស្នើច្បាប់ និងបញ្ហាផេ្សងៗ ដែលមាន​រដ្ឋាភិបាល និងរដ្ឋសភា បញ្ជូនមក​ព្រឹទ្ធសភា​ពិនិត្យ​​​ និងឲ្យយោបល់ ​ទី២-មុខងារត្រួត​ពិនិត្យ គឺធ្វើការតាមដានត្រួតពិនិត្យ ដោយប្រមូលព័ត៌មាន វាយតម្លៃ និងផ្តល់អនុសាសន៍ជូនរាជរដ្ឋាភិបាល និង​ទី៣-មុខងារ​ផ្តល់ព័ត៌មាន មានន័យ ថាគណៈ​កម្ម​ការ​​​​នីមួយ​ៗ​របស់ ព្រឹទ្ធសភា តែងតែចុះតាម​បណ្តា​ក្រសួង ស្ថាប័ន និងតាមបណ្តា​ខេត្ត ដើម្បី​សិក្សា​​ឈ្វេង​យល់ទៅនឹងបញ្ហានានា និងប្រមូល ព័ត៌មានដែលស្ថិតក្នុងដែនសមត្ថកិច្ច​របស់ខ្លួន រួច​ធ្វើ​របាយ​​ការណ៍គោរពរាយការណ៍ជូន​គណៈកម្មាធិការ​អចិន្រ្តៃយ៍ និង​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​​ព្រឹទ្ធសភា។
លោកជំទាវព្រំ ចំរើនអភិបាលរងខេត្តកែប បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងធ្វើសេចក្តីរាយ- ការណ៍ដោយសង្ខេបអំពីការរីកចម្រើន នៃវិស័យមួយចំនួននៅក្នុងខេត្ត ដូចជា ការងារគ្រប់គ្រងរដ្ឋបាលដែនដី  ការងារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការងារកសិកម្មធារាសាស្រ្ត ការងារកែលម្អសោភណភាព ទេសចរណ៍ បរិស្ថាន និងធនធាន ធម្មជាតិ ការងារអប់រំសុខាភិបាល ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ សង្គមកិច្ច កិច្ចការនារី  និងការងាររៀបចំដែនដី និងសំណង់ ។
លោកជំទាវ បានមានប្រសាសន៍ថា ជាមួយគ្នានេះដែរមន្ត្រីគ្រប់លំដាប់ថ្នាក់និងអាជ្ញាធរ​ខេត្ត បណ្តាមន្ទីរ អង្គភាពនានាជុំវិញ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញភារកិច្ចអនុវត្តការងារ ធ្វើឲ្យខេត្តកែបមានការរីកចម្រើន លើគ្រប់ វិស័យ ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកជំទាវអភិបាលរងខេត្ត និងបណ្តាមន្ទីរ អង្គភាពនានាជុំវិញ និងអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានលើកឡើងបញ្ហាសំខាន់ៗនៅក្នុងខេត្តរួចមក ឯកឧត្តម គឹម ណាំង  អនុប្រធាន គណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍កោតសសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញ តួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ដែលធ្វើឲ្យទឹកដីខេត្តកែប មានការរីកចម្រើនគួរឲ្យកត់សំគាល់។អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន