|
ឯកឧត្តម ឧកញ៉ា ប្រាក់ ចំរើន សមាជិកព្រឹទ្ធសភាអញ្ជើញនាំយកសម្ភារៈ និងបច្ច័យប្រគេនព្រះសង្ឃក្នុងវត្តព្រៃពួច ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល |
|
Mardi, 17 Juillet 2012 14:32 |
ដោយមានសំណូមពរយ៉ាងទទូចពីសំណាក់ព្រះសង្ឃ គណៈកម្មាធិការអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត ម្យ៉ាងដោយឃើញពីការលំបាករបស់ព្រះតេជគុណ យុង សាន់ ព្រះចៅអធិការវត្តព្រៃពួច ដែលមានព្រះជន្មដល់ទៅ៩២ព្រះវស្សានោះ នាព្រឹកពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ ឯកឧត្តម ឧកញ៉ា ប្រាក់ ចំរើន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានពាំនាំអំណោយមួយចំនួន រួមមានស៊ីម៉ង៍ រទេះរុញ និងបច្ច័យ ដែលគិតជាថវិកាប្រមាណ៦,១១០ដុល្លារ យកទៅប្រគេនព្រះសង្ឃដែលគង់ក្នុងវត្តព្រៃពួច ស្ថិតក្នុងឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្តាលសម្រាប់ទុកប្រើប្រាស់ និងកសាងសម្មិទិ្ធផលនានាក្នុងវត្ត ។
មានសង្ឃដីការនាឱកាសនោះ ព្រះតេជគុណ យុង សាន់ បានមានព្រះពុទ្ធដីការពោរពេញដោយក្តីរំភើបរីករាយជាខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តម ឧកញ៉ា ប្រាក់ ចំរើន និងលោកជំទាវ ដែលកន្លងមកតែងតែបានចំណាយធនធានទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់កសាងទីវត្តអារាមនេះឡើងដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទ។ ម្យ៉ាងទៀត ព្រះអង្គក៏សូមបួងសួងដល់វត្ថុស័ក្កសិទ្ធ សូមជួយគាំពារដល់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាពិសេសដល់ សម្តេចទាំងបីដែលជាថ្នាក់ដឹកនាំកំពូលរបស់រដ្ឋ សូមឲ្យជួបតែពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពុលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
|