|
ថ្ងៃច័ន្ទ ទី18ខែតុលាឆ្នាំ2010ម៉ោង16:00 |
គណៈកម្មការទី ៨ ៖
តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី អាចហៅកាត់ថា គណៈកម្មការទី៨ និងសរសេរ ជាអក្សរកាត់ថា គ.ស.ស.អ.យ.ក.ប.ក ។ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី មានតួនាទីដូចតទៅ ៖ -ជាជំនួយការរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាក្នុងការសម្របសម្រួលការមិន ចុះសម្រុងគ្នា រវាងរាជរដ្ឋាភិបាល និងរដ្ឋសភាក្នុងវិស័យរបស់ខ្លួន -ត្រួតពិនិត្យ សិក្សាពិភាក្សា និងវាយតម្លៃកែសម្រួលខ្លឹមសារនៃអត្ថបទច្បាប់ ឬបញ្ហានានា និងលិខិត បទដ្ឋានផ្សេងៗ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍ប្រគល់ឱ្យ។ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី មានភារកិច្ចដូចតទៅ ៖ -ជួយគណៈកម្មាធិការអចិន្ត្រៃយ៍ក្នុងការពិនិត្យលើអត្ថបទច្បាប់ឬបញ្ហានានា ដែលទាក់ទងនឹងវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី -នាំយកយោបល់នៃការពិនិត្យ ជាការកែសម្រួល កែលម្អ អត្ថបទច្បាប់ ឬបញ្ហានានា ទាំងនោះជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍វិញ ដើម្បីពិចារណា និង សម្រេច ជូន ទៅព្រឹទ្ធសភា -ជួយគណៈកម្មាធិការអចិន្ត្រៃយ៍ ក្នុងការចុះពិនិត្យតាមដាននូវការប្រព្រឹត្តទៅរបស់ស្ថាប័ន នីតិប្រតិបត្តិឱ្យស្របទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ ដើម្បីស្វែងរកការ ពិត ស្វែងយល់គោលគំនិត លើបញ្ហាពាក់ព័ន្ធនិងមុខជំនាញរបស់គណៈកម្មការ ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ -ធ្វើការសម្របសម្រួល ស្វែងរកដំណោះស្រាយរវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិតាមសមត្ថភាព របស់គណៈកម្មការ ដើម្បីផលប្រយោជន៍ដល់សង្គម ជាតិទាំងមូល។ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី មានសមត្ថកិច្ចដូចតទៅ ៖ ក-បង្ក និងបង្កើតទំនាក់ទំនង សហប្រតិបត្តិការរវាងក្រសួងជំនាញពាក់ព័ន្ធ (ក្រសួងសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ បណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី) ក្នុងគោលបំណងលើកស្ទួយជីវភាព សុខភាពរបស់ប្រជាពលរដ្ឋ។ ខ-ការពារសិទ្ធិសេរីភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសមភាពយេនឌ័រតាមផ្លូវច្បាប់ឱ្យបានល្អប្រសើរក្នុងវិស័យដូចពោលខាងលើនេះ។ គ-ទំនាក់ទំនងឱ្យបានល្អជាមួយនឹងគណៈកម្មការទាំង៨របស់ព្រឹទ្ធសភានិងស្ថាប័នផ្សេងៗរបស់ រាជរដ្ឋាភិបាលក្រៅពីមុខជំនាញរបស់គណៈកម្មការ។
|