|
ថ្ងៃច័ន្ទ ទី18ខែតុលាឆ្នាំ2010ម៉ោង15:45 |
គណៈកម្មការទី៥
តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាន អាចហៅកាត់ថា គណៈកម្មការទី៥ និងសរសេរជាអក្សរកាត់ថា គ.ប.ស.ឃ.ព ឬ គ.៥ ។
គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន មានតួនាទីសម្របសម្រួលធ្វើឱ្យការអនុវត្ត គោលនយោបាយជាតិលើវិស័យការបរទេសសហប្រតិបត្តិ ការអន្តរជាតិ ឃោសនាការ និងព័ត៌មានបានប្រតិបត្តិល្អប្រសើរ។
គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន មានភារកិច្ច ដូចតទៅ ៖
ក-ពិនិត្យស្រាវជ្រាវផ្តល់មតិយោបល់លើរាល់អត្ថបទច្បាប់លិខិតបទដ្ឋាននានាបញ្ជូន មកពីគណៈកម្មាធិការ អចិន្ត្រៃយ៍ឬ គណៈកម្មការ នានារបស់ព្រឹទ្ធសភា ឬអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ខ-សម្របសម្រួលស្រាវជ្រាវ ប្រមូលព័ត៌មានក្នុង និងក្រៅប្រទេសនិងជូនព័ត៌មាន ឬលើកមតិយោបល់ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍ក្នុងករណីចាំបាច់។ គ-ជាសេនាធិការរបស់ព្រឹទ្ធសភា ក្នុងការពិនិត្យ តាមដាន មើលការអនុវត្តលើវិស័យការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ដែលច្បាប់បានបញ្ញត្តិ និងជូនមតិយោបល់ ក្នុងករណីចាំបាច់ ដើម្បីលើកកំពស់គុណភាព ការងារលើវិស័យនេះ។ ឃ-ទាក់ទងជាមួយគណៈកម្មការនានារបស់រដ្ឋសភា រាជរដ្ឋាភិបាល និងស្ថាប័ននានា ដើម្បីស្វែងយល់ជាមុននូវរាល់គំនិតផ្តើម និងការសម្រេចលើអត្ថបទច្បាប់ ឬបញ្ហានានា ពាក់ព័ន្ធភារកិច្ចរបស់ គណៈកម្មការ។ ង-បំពេញការងារផ្សេងទៀត ដែលគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាប្រគល់ជូន។
គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន មានសមត្ថកិច្ច ក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ តាមតួនាទី និងភារកិច្ចរបស់ខ្លួន។
|