| នាយកដ្ឋានហិរញ្ញវត្ថុ |
| Wednesday, 18 January 2012 17:32 |
|
នាយកដ្ឋានហិរញ្ញវត្ថុ
១-រចនាសម្ព័ន្ធ នាយកដ្ឋានហិរញ្ញវត្ថុ ជាអង្គភាពចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ។ នាយកដ្ឋានហិរញ្ញវត្ថុ ដឹកនាំដោយប្រធាន ០១រូប មានអនុប្រធានជាជំនួយការ និងចែកជា ០៦ការិយាល័យជំនាញ គឺការិយាល័យរបៀប ការិយាល័យហិរញ្ញកិច្ច និងផែន ការថវិកា ការិយាល័យគណនេយ្យ ការិយាល័យផ្គត់ផ្គង់ ការិយាល័យថតចម្លង និងការិយាល័យដឹកជញ្ជូន ដែលការិយាល័យនីមួយៗ មានប្រធាន ០១រូប និងមានអនុប្រធានជាជំនួយការ ។
២-តួនាទី និងភារកិច្ច ២.១-តួនាទី ៖ នាយកដ្ឋានហិរញ្ញវត្ថុ មានតួនាទីផ្គត់ផ្គង់ សម្ភារ ថវិកា មធ្យោបាយ ផ្តល់សេវាដឹកជញ្ជូន និងសម្របសម្រួលដឹកនាំការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ស្ថាប័នព្រឹទ្ធសភា ព្រមទាំងសម្របសម្រួលលើគំរោងកម្មវិធីការងារ និងផែនការថវិកា ជាមួយគ្រប់អង្គភាពចំណាយ ចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងព្រឹទ្ធសភា ។
២.២-ភារកិច្ច ៖ នាយកដ្ឋានហិរញ្ញវត្ថុ មានភារកិច្ចដូចខាងក្រោម ៖ -រៀបចំផែនការសកម្មភាពកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ស្ថាប័នព្រឹទ្ធសភា កសាងបែបបទ វិធានការ នីតិវិធីថ្មីៗ និងធ្វើការ ផ្សព្វផ្សាយ ដាក់ឲ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិការ ដ្ឋានព្រឹទ្ធសភា ចូលរួមអនុវត្ត ។ -សម្របសម្រួលជាមួយគ្រប់អង្គភាពចំណាយចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងការរៀបចំកសាងផែនការយុទ្ធសាស្ត្រថវិកា (កម្មវិធីការងារ) និងកសាង ផែនការថវិកាប្រចាំឆ្នាំ ។ -ពិនិត្យ និងវាយតម្លៃលើផែនការថវិកា ដែលគ្រប់អង្គភាពចំណាយបានស្នើឡើង ដោយកសាងឲ្យបាននូវគម្រោងផែនការថវិការួមប្រចាំឆ្នាំមួយ របស់ស្ថាប័នព្រឹទ្ធសភា។ -ធ្វើការបែងចែកកញ្ចប់ថវិកា និងត្រួតពិនិត្យលើផែនការចំណាយប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ ។ -កសាងគោលការណ៍ និងនីតិវិធីហិរញ្ញវត្ថុនានា របស់ស្ថាប័នព្រឹទ្ធសភា ហើយផ្សព្វផ្សាយឲ្យគ្រប់អង្គភាពចំណាយអនុវត្ត ។ -រៀបចំផែនការលទ្ធកម្មសាធារណៈប្រចាំត្រីមាស និងប្រចាំឆ្នាំ ផ្ញើជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ -គ្រោងកម្មវិធីចំណាយថវិកាប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ ផ្ញើជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ -រៀបចំតារាងប្រាក់បៀវត្ស ប្រាក់បំណាច់ ប្រាក់បេសកកម្ម ប្រាក់សង្គមកិច្ច ប្រាក់ដំណើរការប្រចាំខែ និងប្រាក់ពិនិត្យ-ព្យាបាលជម្ងឺ ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា គណៈកម្មការជំនាញទាំង៩ គណៈកម្មការនារីរបស់ព្រឹទ្ធសភា និងជូនសមាជិកព្រឹទ្ធសភា ទីប្រឹក្សា ព្រមទាំងមន្ត្រីរាជការនៃ អគ្គលេ ខាធិការដ្ឋានព្រឹទ្ធសភា ។ -បង្វែរ និងបើកផ្តល់នូវប្រាក់បៀវត្ស ប្រាក់បំណាច់ ប្រាក់បេសកកម្ម ប្រាក់សង្គមកិច្ច ប្រាក់ដំណើរការ ប្រចាំខែ និងប្រាក់ពិនិត្យ-ព្យាបាលជម្ងឺ ជូនដល់ថ្នាក់ដឹកនាំ ព្រឹទ្ធសភា គណៈកម្មការជំនាញទាំង៩ គណៈកម្មការនារី និងិសមាជិកព្រឹទ្ធសភា ទីប្រឹក្សា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ។ -ត្រួតពិនិត្យ និងលើកយោបល់លើសំណើសុំទូទាត់ថវិកា សម្ភារ ប្រេងឥន្ធនៈ និងការជួសជុលរថយន្ត ជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និង អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា។ -ដោះស្រាយថវិកា និងផ្គត់ផ្គង់សម្ភារ ជូនស្ថាប័នព្រឹទ្ធសភា និងគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ។ -ធ្វើបញ្ជីចំណូល-ចំណាយថវិការបស់ព្រឹទ្ធសភា និងបិទបញ្ជីគណនេយ្យទូទាត់ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ ។ -គ្រប់គ្រង ថែទាំ ជួសជុលរថយន្ត និងផ្តល់សេវាដឹកជញ្ជូន ។ -ប៉ាន់ស្មានលើការចំណាយថវិកាជាក់ស្តែង ដើម្បីធ្វើនិយ័តកម្ម ឬស្នើសុំឥណទានបន្ថែមសម្រាប់ធានា ការចំណាយប្រចាំឆ្នាំ របស់ស្ថាប័នព្រឹទ្ធសភា ។ -គ្រប់គ្រង និងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងនាយកដ្ឋាន ។ -វិភាគ និងវាយតម្លៃលើលទ្ធផលសំរេចបានប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ របស់ស្ថាប័នព្រឹទ្ធសភា ដើម្បីរកឲ្យឃើញនូវលទ្ធផលសម្រេចចុងក្រោយ និងផលប៉ះពាល់ ។ -រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់នាយកដ្ឋាន ។ -បំពេញការងារផ្សេងៗទៀត តាមតម្រូវការរបស់ថ្នាក់លើ ។ |













